Published on 25 Jan, 2018
(ឥណ្ឌា)៖ ចាប់ពីថ្ងៃ៨កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃ១២កើត ខែមាឃ ព.ស២៥៦១ ត្រួវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍(គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន(គ.ជ.ប.ជ) បានអញ្ជើញជាគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី (New Delhi) ប្រទេសឥណ្ឌាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះផងដែរ ភាគីខាងរដ្ឋាភិបាលឥណ្ឌា រួមនឹងភាគីក្រសួងមហាផ្ទៃដែលមានលោកជំទាវ ជូ បុ៊នអេង ជាតំណាង នឹងត្រូវចុះហត្ថលេខាលើឯកសារចំនួន២ មានដូចជា ៖ ១-អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់បង្ការ -ទប់ស្កាត់ អំពើជួញដូរមនុស្ស ជាពិសេសស្ត្រី កុមារ និងការរងគ្រោះ ការស្តារឡើងវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរ។ ២-សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ៕