លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅទី៤ ចុងឆ្នាំ២០២៤

BY SOM SIVWIN

Published on 08 Nov, 2024

(គ.ខ.ប.ជខេត្តកំពង់ធំ)៖ ថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២៤ គ​ណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី​៣ និងលើកទិសដៅទី​៤​ ចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី លំ​ គន្ធារី​ អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ និងមន្ទីរ​ពាក់ព័ន្ធជុំវិញខេត្តផងដែរ​ ។

តាមរបាយការណ៍របស់គណៈកម្មាធិការ ប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បានឱ្យដឹងថា លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តំពង់ធំ (គ.ខ.ប.ជ) បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងស្រុកសន្ទុក និងស្រុកបារាយណ៍ ចុះផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបានចំនួន ៣៤លើក បានផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានចំនួន ១.៣៩៧លើក ​។

លោកស្រី លំ​ គន្ធារី​ អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បានជំរុញឱ្យក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធនានា មានភារកិច្ចស្នូល ក្នុងការប្រមូលផ្ដុំ តាមដានសកម្មភាពការងារជួញដូរមនុស្ស ពិសេសនៅតាមតំបន់ដាច់ស្រយាលនៅតែមានករណី រំលោភបំពានផ្លូវ ភេទលើកុមារដោយសារប្រើប្រាស់ជាតិស្រវឹង។ ត្រូវបង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាម មូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ អនុវត្តន៍តាមដាន និងស្រាវជ្រាវមុខសញ្ញា ជនសង្ស័យនៅតាមទីតាំងដែលសង្ស័យមួយចំនួន បង្កើតការងារផ្ដល់ព័ត៌មានបម្រើឱ្យការងារបង្ការ បង្ក្រាប បទល្មើសអំពើជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីឈានទៅការលុបបំបាត់ នឹងកាត់បន្ថយអំពើជួញដូរមនុស្សនៅក្នុងខេត្តកំពង់ធំ​ ឱ្យមានប្រសិទ្ធភាព ។

លោកស្រីក៏បានគូសបញ្ជាក់បន្ថែមថា​ ក្នុងនាមគណៈកម្មាធិការ គ.ខ.ប.ជ ខ្ញុំសូមឱ្យមន្ត្រីអនុវត្តច្បាប់ ត្រូវមានវិធានការរឹតបន្តឹង និងដាក់កម្លាំងសម្ងាត់ក្នុងការស៊ើបអង្កេតរកមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសជួញដូរមនុស្ស និងបទល្មើសនានាមកផ្តន្ទាទោសតាមច្បាប់ និងសូមឱ្យមន្រ្តីដែលទទួលបន្ទុកការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ត្រូវចូលរួមសហការគ្នាឱ្យបានល្អប្រសើរ និងថ្លែងអំណរគុណដល់អង្គការដៃគូ និងមន្ទីរ-អង្គភាព ដែលបានសហការ ជាមួយគណៈកម្មាធិការ និងលេខាធិការដ្ឋាន គ.ខ.ប.ជ ថ្នាក់ខេត្ត ក្នុងការជួយគាំទ្រ និងពង្រឹងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាផ្នែកមួយ ដែលបានបញ្ជ្រាបចូលក្នុងយុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យប្រសើរឡើងវិញនូវការអង្កេត ការប៉ះទង្គិចផ្នែកផ្លូវចិត្ត របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស សំដៅការពារសុខុមាលភាព និងការកសាងទំនុកចិត្តរបស់ជនរងគ្រោះ ម្យ៉ាងវិញទៀតជួយសម្រួលដល់ការសហការ យ៉ាងប្រសើរជាមួយអ្នកអនុវត្តច្បាប់ ៕

 


   

Official Telegram NCCT Cambodia