អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានសហការជាមួយអង្គការ ASEAN-ACT បើកអង្គសិក្ខាសាលាការរៀបចំក្របខណ្ឌតាមដាន វាយតម្លៃ និងរៀនសូត្រ (MEL)នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ(២០២៤-២០២៨) នៅសណ្ឋាគារកាំបូឌីយ៉ាណា

BY SOM SIVWIN

Published on 05 Nov, 2024

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ ប.ជ  បានសហការជាមួយអង្គការ ASEAN-ACT Australia Counter Trafficking បានបើកសិក្ខាសាលារយៈពេលបីថ្ងៃគឹចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៌ គ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតីចូលរួមការបើកសិក្ខាសាលាការរៀបចំក្របខណ្ឌតាមដាន វាយតម្លៃ និងរៀនសូត្រ(MEL) នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ (២០២៤ -២០២៨) មានការអញ្ជើញចូលពីសំណាក់លោកជំទាវ អគ្គលេខាធិការគ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមកពីក្រសួងស្ថាប័នជាសមាជិក គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ អង្គការជាតិ អន្តរជាតិជាដៃគូបានសហការជាមួយគ្នាកន្លងមក។សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលាសរុបមានចំនួន ៤៨ រូប ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ផ្តោតលើការពិភាក្សាមានបីចំណុចគឺ (MEL) តាមដានត្រួតពិនិត្យ និងរៀនសូត្រ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានមានប្រសាសន៍គូសបញ្ជាក់ថា  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សគឺជាយន្ដការថ្នាក់ជាតិ ក្នុងការដឹកនាំលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមិនមានក្រសួង រឺអង្គភាពណាមួយអាចអនុវត្តការងារនេះ​បានតែម្នាក់ឯងឡើយ លុះត្រាតែមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ហើយក្រសួង ស្ថាប័ននីមួយៗមានតួនាទីរៀងៗខ្លួនក្នុងការអនុវត្តការងារទៅតាមផែនការយុទ្ធសាស្រ្តជាតិ ២០២៤-២០២៨ ដែល គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សបានប្រកាសដាក់ឲ្យប្រើប្រាស់កន្លងមក ។ 

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានណែនាំ ដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះ ព្រោះការអនុវត្ត ផែនការនេះ កន្លងមក ហាក់នៅមានការខ្វះចន្លោះជាច្រើន ដែលបណ្តាលអោយជនល្មើសជួញដូរមនុស្ស នៅតែប្រព្រឹត្តបទល្មើសបាននឹងបង្ករអោយមានការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងទៀតប្រជាពលរដ្ឋយើងភាគច្រើនហាក់​មិនទាន់មានការយល់ដឹង និងជឿជាក់លើរដ្ឋាភិបាលដែលបានប្រកាសផ្សព្វផ្សាយ អំពីអំពើជួញដូរមនុស្សនេះទេ ៕

 

 

 


   

Official Telegram NCCT Cambodia