លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងអង្គសិក្ខាសាលាស្តីពី "ខ្ញុំ-អ្នក យើងទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស និងផងប៉ះពាល់របស់វា មកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង"

BY SOM SIVWIN

Published on 12 Aug, 2024

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី "ខ្ញុំ-អ្នក យើងទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស និងផងប៉ះពាល់របស់វា មកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង" ដោយមានវត្តមានលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សមាសភាពដែលមានវត្តមាននៅក្នុងសិក្ខាសាលានេះគឺរួមមាន លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រីតំណាង អង្គភាពជំនាញ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ Miss Grand Cambodia 2024 ព្រមទាំងសិស្សនិស្សិតនៃសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបចំនួន ១៩៣រូប ។

គោលបំណងនៃសិក្ខាសាលា គឺលើកកម្ពស់ការយល់ដឹងអំពីបទល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ ដល់ស្រទាប់យុវជន យុវនារី ដែលជានិសិ្សតនៃសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងសិល្បៈករ សិល្បៈការិនី ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចដ៏ទៃទៀត ពីក្នុងគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានលើកឡើងថា សិក្ខាសាលានៅថ្ងៃនេះ គឺជាការពិភាក្សា​គ្រប់ជ្រុងជ្រោយ ដែលនឹងបានជាប្រយោជន៍ប្រើប្រាស់ក្នុងការរៀបចំជា​គោល​នយោបាយ វិធានការណ៍ ក៏ដូចជាយន្តការនានាដើម្បីទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងន័យនេះ លោកជំទាវបានអំពាវនាវ​ និងលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗ សិស្ស និសិ្សត ​​ទាំងអស់​ដែលមានវត្តមាននៅទីនេះ មេត្តាចូលរួមពិភាក្សាឲ្យផុលផុសបំផុត ដើម្បីចែករំលែក ទស្សនៈ គំនិត យោបល់ ព្រមទាំង​បទពិសោធន៍ជាមួយវាគ្មិន និងអង្គសិក្ខា​សាលាទាំងមូល។

តាមរយៈបទបង្ហាញ ស្តីពីទេសន្តរប្រវេសន៍ និង ទម្រង់នៃការកាងប្រវ័ញ្ច លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងអំពីចំណុចសំខាន់ៗនៃបទល្មើសជួញដូរមនុស្ស ទម្រង់នៃការកេងប្រវ័ញ្ចក្នុងអំពើជួញដូរមនុស្ស។ លោកជំទាវក៏បានផ្តល់ជាអនុសាសន៍ថា ជនល្មើសបាននឹងកំពុងរិះរកគ្រប់មធ្យោបាយ ក្នុងការលួងលោម បោកបញ្ឆោតយើងឲ្យធ្លាក់ក្នុងអន្ទាក់ ប៉ុន្តែបើយើងមិនលោភលន់បង់បានរបស់គេ គេក៏មិនអាចបោកបញ្ឆោតយើងបានឡើយ ជាពិសេសត្រូវផ្លាស់ប្តូរឥរិយាបថដែលអាចនាំឲ្យយើងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ៕

 

អត្ថបទ&រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភក្ត្របញ្ញា 


   

Official Telegram NCCT Cambodia