Published on 01 Aug, 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគ.ជ.ប.ជ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធានគ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨) »
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)បានប្រារព្ធនៅពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគ.ជ.ប.ជ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធានគ.ជ.ប.ជ នៅសាលប្រជុំអាគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកម្មវិធីនេះផងដែរមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារទាំង៦របស់ គ.ជ.ប.ជ មានក្រុមការងារបង្ការទប់ស្កាត់ ក្រុមការងារយុត្តិធម៌ ក្រុមការងារការពារជនរងគ្រោះ ក្រុមទេសន្តរប្រវេសន៍ ក្រុមការងារសហប្រតិបត្តិការជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ តំណាងពីស្ថានទូតអន្តរជាតិប្រចាំប្រទេសកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ ទីចាត់ការព្រំដែនក្រសួងការពារជាតិ និងថ្នាក់ក្រោមជាតិ ក្រុមការងារគ.រ.ប.ជ/គ.ខ.ប.ជ អង្គការដៃគូរជាតិ អន្តរជាតិពាក់ព័ន្ធប្រមាណ ៣៥០នាក់ ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកជំទាវ ជូ ប៊ុនអេង ក្នុងនាមជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ដែលទទួលបន្ទុកដឹកនាំការបង្កើតឯកសារផែនការយុទ្ធសាស្រ្តជាតិ ’’ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស២០២៤-២០២៨ ”នេះ លោកជំទាវបានសំដែងនូវមោទនភាព និងគោរពថ្លែងអំណរគុណចំពោះការគាំទ្រនិងលើកទឹកចិត្តពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលឯកឧត្តមបានបង្កលក្ខណៈឱ្យមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសថ្នាក់ជាតិ តំណាងស្ថាប័ន អង្គការដៃគូរជាតិ-អន្តរជាតិទាំងអស់ក៏ដូចជាក្រុមជនធ្លាប់រងគ្រោះដែលបានផ្តល់នូវគំនិតយោបល់ជាធាតុចូលល្អៗ សំខាន់ៗ ប្រកបដោយឆន្ទៈការចូលរួម និងប្តេជ្ញាចិត្តខ្ពស់ផ្អែកលើបទពិសោធន៍នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិដែលទើបនឹងបញ្ចប់កន្លងទៅរហូតធ្វើឲ្យសម្រេចបានជាឯកសារផែនការយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ២០២៤-២០២៨ នេះយ៉ាងពេញលេញ។ លោកជំទាវ បានបន្តថាគ.ជ.ប.ជ មានទីប្រឹក្សាបច្ចេកទេស ដែលបានចូលរួមចំណែកក្នុងការប្រមូលផ្តុំរៀបចំចងក្រងនូវធាតុចូលទាំងឡាយឲ្យទៅជាឯកសារផែនការយុទ្ធសាស្រ្តជាតិ ក្រោមកិច្ចសហការពិនិត្យកែសម្រួលពីលោកជំទាវ ដែលជាអនុប្រធានអចិន្រ្តៃយ៍ និងជាតំណាំងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគ.ជ.ប.ជ និងសម្របសម្រួលដើម្បីទទួលបានការឯកភាពពីក្រសួងស្ថាប័នពាក់ព័ន្ធលើគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពចម្បងៗសម្រាប់រួមគ្នាអនុវត្តឲ្យសម្រេចផែនការយុទ្ធសាស្រ្តនេះ ។ លោកជំទាវបានគូសបញ្ជាក់ និងសង្ឃឹមជឿជាក់ថា ឯកសារផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) នឹងត្រូវបានក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាស្ថានតំណាងនៅក្រៅប្រទេស យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុកដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយ និងអាចឈានទៅលុបបំបាត់ នូវបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខយ៉ាងពិតប្រាកដ ។
អញ្ជើញមានមតិចាប់អារម្មណ៍នៅក្នុងអង្គពិធី ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ប្រធានគ.ជ.ប.ជ បានមានប្រសាសន៍ទៅកាន់អង្គពិធីដូច្នេះថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស លើកកម្ពស់ការគោរពសិទ្ធមនុស្ស ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ បើទោះបីជាមានការប្រែប្រួលក្នុងករណីប្រធានសក្តិណាមួយក៏ដោយ ក៏យើងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រៀមទុកជាមុន និងអាចបត់បែនបានដើម្បីឆ្លើយតបទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្ស ។ ឯកឧត្តម បានគូសបញ្ជាក់ថា យើងចង់ឃើញលទ្ធផលដែលនឹងសម្រេចបាននៅក្នុងពេល៥ឆ្នាំទៅមុខ ដូចនេះយើងត្រូវធ្វើការវាយតម្លៃរៀងរាល់មួយឆ្នាំម្តង ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការ ភាពប្រែប្រួលនៃបទល្មើសបញ្ហាប្រឈម និងវិធានការឆ្លើយតបដ៏មានប្រសិទ្ធភាព ដែលសំដៅធ្វើឲ្យសម្រេចបានគោលដៅ និងលទ្ធផលរំពឹងទុក ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រនេះ ពោលគឺកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗ នូវអំពើជួញដូរមនុស្សដែលកើតមានឡើងគ្រប់ទម្រង់។ ឯកឧត្តម អភិសន្តិបណ្ឌិត ប្រធានគជបជ បានសំនូមពរឲ្យគ្រប់ក្រសួងស្ថាប័ន ក្រុមការងារអន្តរក្រសួង និងគណៈកម្មាធិការរាជធានី ខេត្តទាំងអស់ បន្តរៀបចំ និងជម្រុញអនុវត្តផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ដែលឆ្លើយតបផែនការយុទ្ធសាស្រ្តនេះ ដើម្បីធ្វើជាខ្នាតវាស់សម្រាប់ការវាយតម្លៃ លទ្ធផលដែលសម្រេចបានតាមផែនការគ្រោងទុក ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគ.ជ.ប.ជ បានថ្លែងអំណរគុណ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស មន្រ្តីរដ្ឋបាល កងកម្លាំងគ្រប់ប្រភេទពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិនិងស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ជាពិសេសមន្រ្តីជួរមុខនៅតាមមូលដ្ឋានឃុំ សង្កាត់ ស្រុក ខណ្្ឌ ក្រុងដែលនៅជាប់ព្រំដែន ដែលបានចូលរួមសហការគ្នាយ៉ាងល្អ និងមានការទទួលខុសត្រូវក្នុងការលើកកម្ពស់ការគោរពសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ប្រជាជន និងប្រទេសជាតិយើង ៕
សូមអញ្ជើញទាញយកឯកសារផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ(២០២៤-២០២៨) តាមតំណរភ្ជាប់ដូចខាងក្រោម៖
https://download.ncct.gov.kh/.../ncct-action-plan-2024...