Published on 14 Jun, 2024
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី " កិច្ចការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញ និងការពិភាក្សាពីប្រព័ន្ធបញ្ជូន ដើម្បីស្វែងរកសេវាគាំទ្រសម្រាប់ជនរងគ្រោះ "
ក្រុងក្រចេះ ៖ នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញ ជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "កិច្ចការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញ និងការពិភាក្សាពីប្រព័ន្ធបញ្ជូន ដើម្បីស្វែងរកសេវាគាំទ្រសម្រាប់ជនរងគ្រោះ" ដល់សិក្ខា កាមដែលជា មន្ត្រីនគរបាល នាយនគរបាល នាយនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដែលជាស្ត្រីសរុបចំនួន៥០រូប ដែលបានរៀបចំឡើងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការដោយ អង្គការសម្ព័ន្ធចាប់ដៃ។ សមាសភាពនៃគណៈអធិបតីនៃអង្គពិធីនេះរួមមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ លោក ហោ កុសល្យ ប្រធានប្រចាំប្រទេស នៃអង្គការសម្ព័ន្ធចាប់ដៃ និងលោកវរសេនីយ៍ឯក អោក ភារិន្ទ អនុប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។
វគ្គបណ្តុះបណ្តាលស្តីពី "កិច្ចការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ និងការពិភាក្សាពីប្រព័ន្ធបញ្ជូន ដើម្បីស្វែងរកសេវាគាំទ្រសម្រាប់ជនរងគ្រោះ" មានរយៈពេល២ថ្ងៃគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមានមាតិការសំខាន់ៗដូចជា៖ ១ - តួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងក្បួននិតិវិធីព្រហ្មទណ្ឌ ។ ២ - សញ្ញាណផ្សេងៗនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា និងផលប៉ះពាល់របស់វា ។ ៣ - បច្ចេកវិទ្យា និងពិភពនិម្មិត (Virtual World) របស់កុមារ និងក្មេងជំទង់ ៤ -របកគំហើញអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ ៥ - ចរិកលក្ខណៈអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។ ៦ - បទបង្ហាញអំពីប្រព័ន្ធបញ្ជូន និងការស្វែងរកសេវាសង្គមកិច្ចសម្រាប់ជនរងគ្រោះ ។ ៧ -បទបង្ហាញអំពីសេវានានារបស់អង្គការសម្ព័ន្ធចាប់ដៃ និងនិតិវិធីបង្ការក្នុងមុខងារមួយចំនួននៅក្នុង ហ្វេសបុក តេលេក្រាម និង ប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ និងផែនការផ្សព្វផ្សាយតាមសាលារៀន។
តាមរបាយការណ៍វគ្គបណ្តុះបណ្តាល ការយល់ដឹងរបស់សិក្ខាកាមដែលបានចូលរូមក្នុងវគ្គបានកើនឡើង ប្រមាណ៦០% ធៀបនឹងពេលពុំទាន់បានឆ្លងកាត់វគ្គ។ បន្ថែមលើនេះសិក្ខាកាមទាំងអស់បានធ្វើផែនការដើម្បី ចុះផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋាន ។ ឆ្លៀតក្នុងឱកាសសំណេះសំណាល លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការបានចែករំលែកនូវបទពិសោធន៍ សំខាន់ៗក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបានផ្តល់ជាអនុសាសន៍មួយចំនួនរួមមាន៖ ១. សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលហើយត្រូវយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវព័ត៌មានបន្ថែម ដើម្បីពង្រឹងសមត្ថភាពខ្លួនក្នុងការផ្សព្វផ្សាយបន្តនៅមូលដ្ឋាន។ ២. សូមថ្នាក់ដឹកនាំបង្កឱកាស និងផ្តល់ការគាំទ្រដល់សិក្ខាកាមក្នុងការផ្សព្វផ្សាយបន្ត។ ៣. ក្នុងនាមសមត្ថកិច្ចត្រូវយកចិត្តទុកដាក់អនុគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាឬស គល់នៃបទល្មើសជួញដូរមនុស្ស ៕