វគ្គបណ្តុះបណ្តាលស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តពោធិសាត់

BY SOM SIVWIN

Published on 22 Feb, 2024

វគ្គបណ្តុះបណ្តាលស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមគណៈអធិបតីដោយវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ ប៉ុក ណាឌី អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលនៃគណៈអភិបាល និងជាប្រធាន គ.ខ.ប.ជ ខេត្តពោធិ៍សាត់ និងលោក ធួក សុវណ្ណឧត្តម ជំនួយការគម្រោងជាន់ខ្ពស់ នៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM)។

ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានក្រើងរំឮកដល់សិក្ខាកាមដែលមានវត្តមានថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ គឺជាស្ថាប័នជាតិដែលមានក្រសួងស្ថាប័នចំនួន២២ និងអង្គភាពជំនាញចំនួន៥ ជាសមាជិក និងមានរចនាសម្ព័ន្ធគ្របដណ្តប់ទូទាំងប្រទេសគ្រប់រាជធានី ខេត្ត រហូតដល់ ឃុំ សង្កាត់។ មូលហេតុដែល គ.ជ.ប.ជ មានវិសាលភាពធំធេង ព្រោះបទល្មើសជួញដូរមនុស្ស មានភាពស្មុគស្មាញ មិនប្រែប្រួលយ៉ាងឆាប់រហ័ស ដែលពីមានសមត្ថកិច្ចក្នុងជំនាញណាមួយតែឯង អាចដោះស្រាយបានឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ប្រសិនបើយើងពុំអាចកំណត់រកបទល្មើសជួញដូមនុស្សឃើញ មានន័យថាយើងកំពុងតែបើកឱកាស ឲ្យជនល្មើសរួចខ្លួន ហើយធ្វើឲ្យជនរងគ្រោះកាន់តែឈឺចាប់ និងបាត់ជំនឿលើសមត្ថកិច្ច ព្រមទាំងរាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM ។ សមាសភាពសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល គឺមកពី រដ្ឋបាលក្រុងស្រុក អធិការដ្ឋាននគរបាលក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃខេត្តពោធិ៍សាត់ សរុបចំនួន ៥០រូប ។ (អត្ថបទ រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា )


   

Official Telegram NCCT Cambodia