អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា ស្តីពីការបង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ (២០២៤-២០២៨)
BY SOM SIVWINPublished on 07 Feb, 2024
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គលេខាធការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា ស្តីពីការបង្កើតផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដើម្បីពិនិត្យនិងសម្រេច ទៅលើធាតុចូលដែលប្រមូលបានកាលពីសិក្ខាសាលាដែលបានរៀបចំកន្លងមក ពិនិត្យលទ្ធផលនៃការឆ្លុះបញ្ចាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៩-២០២៣ និងពិភាក្សាសម្រេចលើចង្កោមសកម្មភាពសំខាន់សម្រាប់ការរៀបចំបង្កើតផែនការយុទ្ធសាស្ត្រជាតិ ។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមមកពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងរចនាសម្ព័ន្ធ គ.ជ.ប.ជ អង្គភាពរាជធានី ខេត្តក្នុងរចនាសម្ព័ន្ធ គ.រ.ប.ជ/គ.ខ.ប.ជ ព្រមទាំងអង្គការដៃគូ ជាតិ និងអន្តរជាតិ សរុបចំនួន ១៦៥រូប ៕