Published on 30 Jun, 2022
កម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយជាស្ដ្រី (ក.ស.ក.ន.ស)
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃគ្គលេខាធិការដ្ឋានគ.ជ.បជ បានចូលរួមក្នុងកម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយជាស្ដ្រី (ក.ស.ក.ន.ស) សហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភារ មជ្ឈមណ្ឌលសភាអាស៊ី និងលេខាធិការដ្ឋាន (ក.ស.ក.ន.ស) ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធាន ក.ស.ក.ន.ស នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
កម្មវិធីយុទ្ធនាការនារីវ័យក្មេង ឆ្ពោះទៅកា្លយជាភាពជាអ្នកដឹកនាំ ជាគំនិតផ្តួចផ្តើមក្នុងគោលបំណងស្វែងរកការចូលរួមរបស់ក្មេងស្រីកាន់តែច្រើនក្នុងនយោបាយ ហើយទទួលបានការគាំទ្រដោយសភាសហគមន៍អឺរ៉ុបបានចាប់ផ្តើមដំបូងក្នុងខែតុលា ឆ្នាំ២០១៧ នៅប្រទេសម៉ាល់តា ដឹកនាំដោយលោកស្រី Marie Louise Coleiro-Preca ប្រធានាធិបតីប្រទេសម៉ាល់តា ។ចំណុចសំខាន់នៃយុទ្ធនាការនេះ គឺលើកកម្ពស់ការផ្សព្វផ្សាយតាមបណ្ដោញសង្គម ជាអាទិ៍ facebook, twitter, instagram និង Youtube ។ល។ ដើម្បីផ្ដល់ព័ត៌មានឱ្យមានលក្ខណៈទូលំទូលាយ និងបានដល់ក្មេងស្រីលើសកលលោក សំដៅបណ្ដុះគំនិតឱ្យក្មេងស្រីទាំងនោះមានក្តីសុបិន និងយកគម្រូតាមអ្នកនយោបាយ និងថ្នាក់ដឹកនាំជាស្ត្រីនៅលើពិភពលោក តាមរយៈការចែករំលែក និងណែនាំអំពីបទពិសោធន៍ជីវិតនយោបាយផ្ទាល់ខ្លួនរបស់អ្នកនយោបាយជាស្ត្រី ។ យុទ្ធនាការនេះមានការចូលរួមពីសំណាក់ ក្រុមការងារជាស្ត្រីក្នុងខេត្ត អ្នកគ្រូ និងសិក្សានុសិស្សជាស្ត្រីក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួនប្រមាណ២៥០នាក់ ។