សិក្ខាសាលាថ្នាក់តំបន់ដើម្បីគាំទ្រការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ស្ដីពីការប្រតិបត្តិមណ្ឌលស្នាក់នៅ នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ជាពិសេសនៅក្នុងកំឡុងពេលមានការរីករាលដាលមេរោគកូវីដ-១៩ តាមប្រព័ន្ធវីដេអូ Conference (អនឡាញ)

BY SOM SIVWIN

Published on 27 Apr, 2021

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១រោច  ខែពិសាខ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានដឹកនាំភាគីកម្ពុជារួមមាន លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោកឧត្តមសេនីយ៍ឯក សុខ រស្មី  អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងតំណាងមកពី ASIAN ACT Cambodia ចំនួន២រូប បានចូលរួមក្នុង អង្គសិក្ខាសាលាថ្នាក់តំបន់ដើម្បីគាំទ្រការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ស្ដីពីការប្រតិបត្តិមណ្ឌលស្នាក់នៅ នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ជាពិសេសនៅក្នុងកំឡុងពេលមានការរីករាលដាលមេរោគកូវីដ-១៩ តាមប្រព័ន្ធវីដេអូ Conference(អនឡាញ) ។

សិក្ខាសាលាតាមប្រព័ន្ធវីដេអូនេះ បានរៀបចំដោយ កម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (ASEAN ACT) សហការជាមួយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (MSDHS)ប្រទេសថៃ, ស្ថាប័នទំនាក់ទំនងនៃកិច្ចប្រជុំឧត្តមមន្រ្តី ស្ដីពីការងារសង្គមកិច្ច និងអភិវឌ្ឍន៍ (SOMSWD), តំណាងប្រទេសថៃសម្រាប់សិទ្ធិកុមារនៅក្នុងគណៈកម្មាការអាស៊ានទទួលបន្ទុកលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ (ACWC) និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនជាអ្នកដឹកនាំស្ម័គ្រចិត្តលើការងារប្រឆាំងការជួញដូរមនុស្ស សម្រាប់ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) និងដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ាន អ្នកពាក់ព័ន្ធក្នុងការងាររដ្ឋបាល និងការគ្រប់គ្រងមណ្ឌលស្នាក់នៅ /អាគារស្នាក់នៅ /ជម្រកបណ្ដោះអាសន្ន/ជម្រកសហគមន៍សម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស នាយកដ្ឋានអន្តោប្រវេសន៍ និងតំណាង SOMTC, SOMSWD, AICHR, ACWC  សរុបចំនួន២០០រូប ។ សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណង បង្ហាញរបកគំហើញសំខាន់ៗពីការសិក្សា និងផ្ដល់អនុសាសន៍ទាក់ទិននឹងច្បាប់ គោលនយោបាយ និងការប្រតិបត្តិសម្រាប់ពិចារណា ។ ផ្ដល់ជូនវេទិកាមួយសម្រាប់ពិភាក្សាការវិវត្ត និងបញ្ហាប្រឈមនានា នៅក្នុងការគាំទ្រជនរងគ្រោះ ពង្រឹង ការយល់ដឹង និងចែករំលែកការប្រតិបត្តិល្អនៅក្នុងអភិក្រមផ្អែកលើសិទ្ធិ និងផ្តោតលើជនរងគ្រោះ និងគាំទ្រដល់កិច្ចប្រឹងប្រែងបច្ចុប្បន្នរបស់រដ្ឋជាសមាជិកអាស៊ានក្នុងការជម្រុញសេរីភាពក្នុងការបំលាស់ទី និងការមិនធ្វើទណ្ឌកម្មលើជនរងគ្រោះដោយការជួញដូរ ។ ជាលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំនេះមានដូចជា៖  ១. កិច្ចប្រជុំប្រទេសជាសមាជិកពិភាក្សាឱ្យការអនុវត្តអនុសញ្ញាអាស៊ាន ក្នុងការគិតគូរពីសិទ្ធិរបស់ជន រងគ្រោះដោយអំពើជួញដូរមនុស្ស និងការគ្រប់គ្រងមណ្ឌលកាន់តែប្រសើរឡើង។ ២. ជម្រុញការធ្វើអនុស្សារណៈយោគយល់ទ្វេរភាគីនៃប្រទេសជាប់ព្រំដែន ក្នុងការគ្រប់គ្រងជនរងគ្រោះ។ ៣. កិច្ចប្រជុំបានពិនិត្យឃើញថា ប្រទេសជាសមាជិកទាំងអស់មានបទពិសោធន៍ល្អ និងចំនុចខ្លាំងរៀងៗខ្លួន នៅក្នុងការគ្រប់គ្រងមណ្ឌល និងបន្តឱ្យមានការពិភាក្សាបន្តទៀត ដើម្បីស្វែងរកចំនុចរួមក្នុងកិច្ចការពារជនរងគ្រោះ ៕


   

Official Telegram NCCT Cambodia