លោកជំទាវ ជូ ប៊ុនអេង រួមនិងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចុះសិក្សានៅតំបន់ជាប់ព្រំដែន នៃខេត្តព្រះវិហារ អំពីស្ថានភាពចំណាកស្រុកឆ្លងដែន ការជួញដូរមនុស្ស និងបញ្ហាសុខភាព
BY SOM SIVWINPublished on 28 Oct, 2020
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នៅសាលាខេត្តព្រះវិហារ លេខាធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំកិច្ចប្រជុំពិភាក្សាពីស្ថានភាពរបស់ប្រជាជនចំណាកស្រុកដែលងាយរងគ្រោះ ពីការជួញដូរមនុស្ស អំពើហឹង្សាគ្រួសារ និងបញ្ហាសុខភាពក្នុងតំបន់ជាប់ព្រំដែន នៃខេត្តព្រះវិហារ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកជំទាវឧត្ដមសេនីយ៍ឯកវេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក យែម ចាន់ណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ និងតំណាងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA ) ។ អញ្ជើញមានវត្តមានក្នុងកិច្ចប្រជុំនេះមាន ថ្នាក់ដឹកនាំខេត្ត លោកស្រីអភិបាលរងខេត្ត លេខាធិការដ្ឋាន គ.ខ.ប.ជ ស្នងការដ្ឋាននគរបាល វរៈនគរបាលព្រំដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត យោធាផ្នែកសឹករងខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក តំណាងមន្ទីរសង្គមកិច្ច មន្ទីរការងារខេត្ត មន្ទីរកិច្ចការនារី ។
អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការគ្នាជាមួយអង្គការមូលនិធិសហប្រជាជាតិយូអិនអេហ្វភីអេ (UNFPA) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំប្រទេសឡាវមានបំណងសហការជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសិក្សាស្វែងយល់អំពីការឆ្លងកាត់ព្រំដែនរបស់ជនចំណាកស្រុក រវាងកម្ពុជា-ឡាវ និងកិច្ចការពារ ការដោះស្រាយភាពងាយរងគ្រោះសុខភាព បញ្ហាប្រឈមផ្សេងទៀតទាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន ចំពោះសហគមន៍ជាប់ព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការកំណត់រកសេចក្តីត្រូវការ ការផ្តល់សេវា និងការដោះស្រាយបញ្ហាប្រឈម៕