Published on 20 Apr, 2020
(បាត់ដំបង)៖ ថ្ងៃច័ន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ ឧ.ឯ វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧ.ឯក យ៉ែម ចាន់ណារុំ អគ្គលេខាធិការរង លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង រួមនិង លោកស្រីអភិបាលរងខេត្ត ក្រុមកាងារគ.ខ.ប.ជ ខេត្តបាត់ដំបង អង្គការដៃគូរអភិវឌ្ឍ ការីតាសស្វីស និងអាយអូអឹម ក្រុមការងារសាលាស្រុកកំរៀង មន្រ្តីបច្ចេកទេសផ្នែកសាងសង់ បានចុះពិនិត្យ និងសិក្សាពីស្ថានភាពដីសម្រាប់សាងសង់មណ្ឌលសំចតពលករ ស្ថិតនៅជិតច្រកដូង ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
មណ្ឌលសំចតនេះ នឹងប្រើប្រាស់ជាកន្លែងសម្រាប់ទទួលពលករបញ្ជូនត្រលប់ពីប្រទេសថៃ ជាកន្លែងសម្រាប់ផ្តល់ជំនួយផ្នែកព័ត៌មាន និងស្រង់យកស្ថិតិព័ត៌មានពីពលករ ជាពិសេសវិធានការឆ្លើយតបនៃការបង្ការជំងឺកូវីត១៩ (covid-19)និងជាការិយាល័យសម្រាប់ស្រាវជ្រាវអំពីស្ថានភាពនៃលំហូរចេញចូលរបស់ពលករ ស្របតាមអនុសាសន៌ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគ.ជ.ប.ជ។ លោកជំទាវ រួមនិងប្រតិភូអមដំណើរបានបន្តធ្វើទស្សនៈកិច្ចត្រួតពិនិត្យការងារ និងសួរសុខទុក្ខបងប្អូនកងកម្លាំងមានសមត្ថកិច្ច និងវរព្រំដែន ដែលប្រចាំការងារនៅច្រកអន្តរជាតិ-ដូង និងច្រករបៀងចន្ទគិរី ស្ថិតក្នុងស្រុកកំរៀង ។គណៈប្រតិភូបានបន្តដំណើរត្រួតពិនិត្យ ទៅកាន់ច្រកអន្តរជាតិដូង ច្រករបៀងដើមអំពិល និងទីស្នាក់ការរង់ចាំទទួលពលករខ្មែរដែលថៃបានបញ្ជូនត្រលប់មកវិញឋិតក្នុងផ្សារកំរៀង និងបានជួបសំណេះសំណាលអំពីស្ថានភាពលំហូររបស់ពលករ ជាមួយមន្រ្តីមានសមត្ថកិច្ចឈរជើងប្រចាំច្រកព្រំដែន និងមន្រ្តីសង្គមកិច្ច សុខាភិបាលជាច្រើនរូប ៕