សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម)

BY SOM SIVWIN

Published on 07 Feb, 2020

(រាជធានីភ្នំពេញ-សណ្ឋាគារភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ.ជ.ប.ជ បានសហការគ្នាជាមួយអង្គការIOM  បានរៀបចំសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់  ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី០៤ ដល់ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវឧ.ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវជាអគ្គលេខាធិការរង ប្រធានស្តីទីលេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការ របស់អគ្គ​លេខាធិការគ.ជ.ប.ជ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃអគ្គស្នងការដ្ឋាន អគ្គបញ្ជាការដ្ឋាន ទីចាត់ការការងារព្រំដែន នៃក្រសួងការពារជាតិ តំណាងក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងស្ថានទូតអាមេរិចប្រចាំប្រទេសកម្ពុជា អង្គការដៃគូរ អភិវឌ្ឍន៍ជាតិ-អន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តោតសំខាន់ លើការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូនដូចគ្នា ស្វែងរកដំណោះស្រាយរួមគ្នាមួយ ដើម្បីបង្កើតជាយុទ្ធសាស្រ្ត និងដំណោះស្រាយក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជាពិសេសការគ្រប់គ្រងច្រកទ្វារព្រំដែន និងការគ្រប់គ្រងទិន្នន័យពលករធ្វើចំណាកស្រុក ។អង្គសិក្ខាសាលានេះ នឹងអាចរកឃើញនូវចំណុចរួមគ្នាមួយដែលជាដំណោះស្រាយ និងជាយុទ្ធសាស្រ្តល្អៗ ក្នុងការទប់ស្កាត់ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋដោយប្រថុយប្រថាន។ កិច្ចសហការរបស់អង្គការ IOM ដែលបានយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងតែកើតមាននៅក្នុងពិភពលោក ដែលក្នុងនោះមានអ្នកធ្វើចំណាកស្រុកលើសពី ២០លាននាក់ នៅក្នុងអាស៊ីអាគ្នេយ៍ អង្គការ IOM បានជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សជាច្រើន ជាពិសេសប្រទេសអភិវឌ្ឍន៍​ ដែលជាប្រទេសស្រូបយកកម្លាំងពលកម្មពីប្រទេសកំពុងអភិវឌ្ឍន៍ ។ ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ការសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព របស់ប្រទេសបញ្ជូន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ​នេះថា គឺជាលើកទី១ ដែលប្រទេសយើងទាំង៤ និងជាប្រទេសបញ្ជូនពលករដូចគ្នាបានមកជួបប្រជុំគ្នា។ យើងធ្លាប់បានជួបប្រជុំគ្នាចំនួន ២លើករួចមកហើយ ដែលក្នុងនោះមានចំនួនតែ ៣ប្រទេស គឺ កម្ពុជា ឡាវ និងមីយ៉ានម៉ា នៅក្នុងទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា។ ដូចនេះការជួបប្រជុំគ្នាថ្ងៃនេះ គឺយើងចង់បាននូវចំណុចស្របគ្នាក្នុងនាមប្រទេសបញ្ជូនដូចគ្នា យើងធ្វើការចែករំលែកនូវ បទពិសោធន៍សំខាន់ៗទៅវិញទៅមក ដើម្បីធ្វើឲ្យការចំណាកស្រុកមានសុវត្ថិភាព និងការគ្រប់គ្រងច្រកព្រំដែនក៏ដូចជាយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងទិន្នន័យការធ្វើចំណាកស្រុក និងការវិលត្រឡប់មកវិញរបស់ពលករ។ លោកជំទាវ បានបន្តថា យើងអាចរៀនសូត្រពីគ្នាទៅវិញទៅមកអំពីការងារនេះ ដើម្បីធ្វើការកំណត់នូវបញ្ហាប្រឈមរួមគ្នា នៃការធ្វើចំណាកស្រុករបស់ពលករ ។ លោកជំទាវបាន អំណរគុណចំពោះអង្គការ IOM ដែលបានជួយសហការគាំទ្រ និងសម្របសម្រួលបង្កើតឲ្យមានសិក្ខាសាលានេះឡើង៕

 

 

 

 


   

Official Telegram NCCT Cambodia