Published on 04 Nov, 2019
(រាជធានីភ្នំពេញ) ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ ។ផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ នេះគឺជាផែនទីបង្ហាញផ្លូវថ្មីមួយ ដែលអនុលោមតាមស្ថានភាព និងសភាពការណ៍បទល្មើស ដែលបានរកឃើញក្នុងតំណាក់កាល៥ឆ្នាំកន្លងមក ក៏ដូចជាការប្រមើលមើលទៅលើលទ្ធភាពក្នុងការដោះស្រាយភាពប្រឈមក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ។ មិនតែប៉ុណ្ណោះ ផែនការយុទ្ធសាស្រ្តនេះ ក៏ជាមូលដ្ឋានក្នុងការរៀបចំសកម្មភាពនៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗតាមបណ្តាឆ្នាំ ដែលឆ្លើយតបទៅនឹងទស្សនៈវិស័យ និងគោលដៅរួមរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)។ លទ្ធផលសកម្មភាពដែល ក្រសួង-ស្ថាប័ន អង្គភាពជំនាញ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលធ្វើឲ្យសម្រេចបានកន្លងមក បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការបង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបានបន្តពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការជួយផ្តល់កិច្ចការពារដល់ជនរងគ្រោះគ្រប់ភេទ គ្រប់វ័យផងដែរ ។ បន្តទៅនេះ សកម្មភាពទាំងឡាយគប្បីចាប់ផ្តើមពីការកែលម្អចំណុចខ្វះខាត និងពង្រឹងតួនាទីរបស់ស្ថាប័នក្នុងការអនុវត្តភារកិច្ច តាមដាន វាយតម្លៃ និងគ្រប់គ្រងឲ្យបានល្អប្រសើរ រៀបចំផែនការសកម្មភាពលម្អិតតាមស្ថាប័ន និងជំរុញអនុវត្តឲ្យខាងតែបាន ដើម្បីបង្កើនភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសុវត្ថិភាព ។
គួររំលឹកផងដែរថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) គឺ៖ លើកទី១គឺ «ផែនការសកម្មភាព សម្រាប់ឆ្នាំ២០១១-២០១៣» ,លើកទី២គឺ «ផែនការសកម្មភាពជាតិសម្រាប់ឆ្នាំ២០១៤-២០១៨», លើកទី៣ គឺ «ឯកសារផែនការយុទ្ធសាស្រ្តជាតិ ៥ឆ្នាំ ២០១៩-២០២៣» នេះ ។ កិច្ចប្រជុំពិភាក្សាថ្នាក់ជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីផែនការសកម្មភាពជាតិ ឆ្នាំ២០១៤-២០១៨ ត្រូវបានបញ្ចប់ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំបន្ត (២០១៩-២០២៣) ដោយមានការចូលរួមពីគ្រប់សមាសភាពក្នុងគណៈកម្មាធិការជាតិគ.ជ.ប.ជ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃផែនការជាតិ ក្នុងឆ្នាំ២០១៦ អំពីប្រសិទ្ធភាព ផលប៉ះពាល់ ភាពប្រឈម និងចំណុចខ្វះខាតផ្សេងៗ បានផ្តល់ជាធាតុចូល សម្រាប់ការកសាង «ឯកសារផែនការគោល» មួយ ដើម្បីជួយតម្រង់ទិសកែលម្អការអនុវត្តនៅឆ្នាំបន្តទៀត ។ ឯកសារផែនការគោលនេះ ក៏ត្រូវបានប្រើប្រាស់ជាមូលដ្ឋានបង្អែកសម្រាប់ការកសាងផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៩-២០២៣) គួបផ្សំជាមួយការពិគ្រោះយោបល់បន្ថែម ជាបន្តបន្ទាប់ជាមួយក្រសួង ស្ថាប័ន រាជធានីខេត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ។ ទីបំផុត «ផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០១៩-២០២៣» នេះ ត្រូវបានប្រកាសឲ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅខែតុលា ឆ្នាំ២០១៩ ដោយមានថ្នាក់ដឹកនាំក្រសួងស្ថាប័នជាសមាជិក តំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា មន្រ្តីជំនាញ អង្គការដៃគូជាតិ និងអន្តរជាតិ និងគណៈកម្មាធិការរាជធានី-ខេត្ត អង្គការ ដៃគូអភិវឌ្ឍ-ឯកជន ពាក់ព័ន្ធជាច្រើនរូប ដើម្បីបានជ្រាប និងទទួលអនុវត្ត ៕