Published on 27 Sep, 2023
វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប »
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារអិលប៊ីអិនអេស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដោយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងក្រុមការងារគ្រូឧទ្ទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា លោកជំទាវ អន ហេងលក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក និងលោកស្រី កែវ ម៉ាលី ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកំពង់ចាម និងឧបត្ថម្ភគាំទ្រដោយអង្គការ IOM ។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ និងការិយាល័យ នៃអង្គភាពជំនាញទាំង៦នៃរចនាសម្ព័ន្ធ គ.ខ.ប.ជ ស្នងការរង និងស្ថាប័នអយ្យការ សរុបចំនួន ៤០រូប ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ ៕