កិច្ចប្រជុំពិភាក្សា និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិ ដែលមានការពាក់ព័ន្ធ និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

BY SOM SIVWIN

Published on 18 Sep, 2023

កិច្ចប្រជុំពិភាក្សា និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិដែលមានការពាក់ព័ន្ធ និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សា និងកែសម្រួល លិខិតបទដ្ឋានគតិយុត្តិ ដែលមានការពាក់ព័ន្ធ និងរចនា សម្ព័ន្ធរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ។ សមាសភាពចូលរួមអង្គប្រជុំមាន លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន នាយ/នាយរងការិយាល័យ-រដ្ឋបាលសរុប ការិយាល័យផ្សព្វផ្សាយអប់រំ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អគ្គនាយករង អគ្គនាយកដ្ឋានធនធានមនុស្ស អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងមន្រ្តីបច្ចេកទេស ដែលមានការពាក់ព័ន្ធមួយចំនួន ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើព្រះរាជ្យក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យស្របទៅតាម កំណែទម្រង់រាជរដ្ឋាភិបាល អាណត្តិទី៧ និងពិភាក្សាផ្តល់ធាតុចូលព្រម ទាំងកែសម្រួលនូវខ្លឹមសារថ្មីមួយចំនួន ដើម្បីធ្វើទំនើបកម្មពាក្យពេចន៍ ស្របតាមការវិវត្តន៍នៃសម័យកាល និងការអនុវត្តការងារឱ្យត្រូវតាមបរិបទ នៃសង្គមជាតិនាពេលបច្ចុប្បន្ន។  កិច្ចប្រជុំនេះដែរ នឹងធ្វើបច្ចុប្បន្នភាពសមាសភាព តួនាទីភារកិច្ចសមាជិក ដែលជាថ្នាក់ដឹកនាំ តាមបណ្តាក្រសួង និងស្ថាប័នមួយចំនួន ដើម្បីងាយស្រួលក្នុងការបំពេញការងារ ឱ្យបានកាន់តែទូលំទូលាយផងដែរ បើយោងតាមប្រសាសន៍ លោកជំទាវអនុប្រធាអចិន្រ្តៃយ៍ គ.ជ.ប.ជ ថ្លែងបើកនៅកិច្ចប្រជុំ ។

គួររំលឹកផងដែរថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស(គ.ជ.ប.ជ) គឺជាយន្តការអន្តរស្ថាប័នថ្នាក់ជាតិ ដែលមានតួនាទីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល ប្រមូលផ្ដុំការចូលរួមកិច្ចសហការ និងការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ ផ្នែកឯកជនរួមទាំង យន្តការក្នុងតំបន់ និងបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ សម្រាប់ការងារប្រយុទ្ធប្រឆាំង រាល់ទម្រង់នៃអំពើជួញដូរ និងអំពើធ្វើអាជីវកម្មកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ពិសេសលើស្រ្តី និងកុមារដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ៕

 

 


   

Official Telegram NCCT Cambodia