កិច្ចប្រជុំប្រចាំខែសីហាឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប

BY SOM SIVWIN

Published on 29 Aug, 2023

កិច្ចប្រជុំប្រចាំខែសីហាឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប

គ.ខ.ប.ជ សៀមរាប ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មា ធិការ ប្រយុទ្ឋប្រឆាំង អំពើជួញ ដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែ សីហា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ព្រមទាំងមានការ អញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មន្ត្រីនគរបាលយុត្តិធម៌ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំង តំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៦២នាក់ ស្រី៣៥ នាក់។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីរួមមាន៖

១. ពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៣ ៖ ផ្អែកតាមលទ្ធផល នៃរបាយ ការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ក្រុមការងារដែលមានគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការ ដៃគូជាតិ អន្តរជាតិ បានធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបប្រយុទ្ធប្រ ឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព នៅតាមសហគមន៍ និងផ្សព្វផ្សាយតាមប៉ុស្តិ៍វិទ្យុ ទូរទស្សន៍ បានចំនួន ៥៧៣ លើក ដែលមានអ្នកចូលរួមសរុប  ២៦ ៦៥៣ នាក់ ស្រី ១៦ ៤២៨ នាក់។ បន្ថែមពីនោះ ក្រុមការងារក៏បានធ្វើការចែកខិតប័ណ្ណស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ បានចំនួន ២ ៣០៦ខិតប័ណ្ណ និងបានធ្វើការផ្សព្វផ្សាយ អំពីស្ពតអប់រំ អំពីគ្រឿងញៀន និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បានចំនួន ៧៩៥០លើកផងដែរ។  លើសពីនោះទៅទៀត សមត្ថកិច្ចបានដាក់កម្លាំងជំនាញ ចុះល្បាតក្នុងការគ្រប់គ្រងគោលដៅ តាមសួនសាធារណៈ តំបន់ផាប់ស្ទ្រីត តាមមាត់ស្ទឹងសៀមរាប ដើម្បីការពារ និងត្រួតពិនិត្យជា ប្រចាំតាមគោលដៅដែលប្រឈម អាចកើតមានបទល្មើស ព្រមទាំងបានចុះធ្វើកិច្ចសន្យា តាមគោលដៅសង្ស័យមានប្រព្រឹត្តបទល្មើស នៅកន្លែងអាជីវកម្មម៉ាស្សា ភោជនីយដ្ឋាន និងខារ៉ាអូខេ បានចំនួន២៥កន្លែង និងបានបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន០២ករណី (ករណីរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ និងរំលោភសេពសន្ថវៈ  ០១ករណី និងករណីញុះញ៉ង់ឱ្យអនីតិជនសុំទាន  ០១ករណី) បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះបាន ប្រគល់ទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការកំណត់ និងប៉ាន់ប្រមាណដើម្បីផ្តល់សេវា។

២. ពិនិត្យ និងពិភាក្សា លើបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹង៖

-  ក្រុមហ៊ុន Lucky Global Employment Service (Cambodia) Co.,LTD និង ក្រុមហ៊ុន១៦៨ មេនផៅវ័រ សឹបផ្លាយ ឯក (មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន) ជ្រើសរើសពលករនាំចេញ ទៅធ្វើការបរទេស។ បានស្នើដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចុះធ្វើអធិការកិច្ចពិនិត្យ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរស្រុកក្រឡាញ់ និងស្រុកស្វាយលើ។

-បានពិភាក្សា និងជំរុញឱ្យមន្ទីរសង្គមកិច្ច ពង្រឹងទៅលើការធ្វើអធិការ កិច្ចនៅតាមមណ្ឌលថែទាំជំនួស នៅក្នុងខេត្តឱ្យបានគ្រប់មណ្ឌល និងត្រូវមានវិធានការឱ្យម៉ឺងម៉ាត់ ចំពោះមណ្ឌលថែទាំ ណាមិនអនុវត្ត ឬ គោរពទៅតាមគោលការណ៍និងបទដ្ឋាន អប្បបរិមាដែលក្រសួង បានកំណត់។

-បានពិភាក្សាទៅលើបញ្ហា នៃការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបានជំរុញ ឱ្យលេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ស្នងការដ្ឋាននគរបាលខេត្ត អង្គការមូលនិធិហាការអន្តរជាតិ និងអង្គការសកម្មភាពដើម្បីកុមារ បន្តពង្រីក ការបណ្តុះបណ្តាលដល់គ្រូបង្គោលជាទីប្រឹក្សាកុមារ និងក្រុមប្រឹក្សាកុមារ ព្រមទាំងធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ដល់សិក្សានុសិស្សគ្រប់គ្រិះស្ថានសិក្សាក្នុងខេត្ត។

- បានជំរុញឱ្យអាជ្ញាធរស្រុកជីក្រែង និងអង្គការមូលនិធិអ២១ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ក្នុងការកំណត់អត្តសញ្ញាណពលករ ឱ្យបានច្បាស់លាស់ជាមុនសិន លើករណីដែលសង្ស័យ ថាជាករណី ជួញដូរមនុស្ស (ករណីពលករនៅប្រទេសម៉ាឡេស៊ី) មុននឹងបញ្ជូនគ្រួសារពលករ ទៅដាក់ ពាក្យបណ្តឹង នៅថ្នាក់នាយកដ្ឋានជំនាញ។

-បានពិភាក្សាលើករណីកុមារីអាយុ ២ខែកន្លះ ពុំមានទឹកដោះគោប៉ៅ ដោយសារក្រោយពីសម្រាល រួចម្តាយបានទុកចោលនៅជាមួយឪពុកក្រីក្រ (ឪពុកពុំមានលទ្ធភាពទិញទឹកដោះគោ) ករណីអាជ្ញាធរ បានដោះស្រាយជូនមួយរយៈហើយ ប៉ុន្តែមិនគ្រប់គ្រាន់ ទើបស្នើឱ្យមានការជួយគាំទ្របន្ថែមពីដៃគូ (ករណីនេះ មានការសន្យាជួយគាំទ្របានមួយចំនួន ពីអង្គការមេត្រីអន្តរជាតិ ប៉ុន្តែមិនទាន់បានផ្តល់ជូ ន)។ ករណីនេះត្រូវបានបន្តជូនទៅអង្គការមន្ទីរពេទ្យកុមារអង្គរ ដើម្បីធ្វើការពិនិត្យ និងផ្តល់ជូនកុមារ។

ប្រភពពី ៖ លេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប

 

 


   

Official Telegram NCCT Cambodia