វគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របសម្រាប់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ ខេត្តព្រៃវែង និងខេត្តកំពង់ធំ

BY SOM SIVWIN

Published on 23 Aug, 2023

វគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប

ភោជនីយ៍ដ្ឋានទន្លេបាសាក់២៖ ព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គជបជ  សហការរៀបចំអង្គការអាយអូអឹម(IOM)។ មានការអញ្ជើញចូលរួម ពីលោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្មអង្គការIOM ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ទីប្រឹក្សាក្រសួងសង្គមកិច្ច ប្រធាន អនុប្រធាន នៃក្រុមជំនួយកិច្ចការជួយជនរងគ្រោះ បង្ការទប់ស្កាត់ នាយ នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការី និងអ្នកសម្របសម្រួលរបស់អង្គការIOM។ សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងវគ្គមាន លោក លោកស្រី ជាមន្រ្តីថ្នាក់ក្រោមជាតិអាជ្ញាធរដែនដី អភិបាល អភិបាលរងស្រុក ជាសមាជិក សមាជិការនៃគ.ខ.ប.ជ គ.ក.ស.ក ស្នងការរង អធិការ អធិការរង និងមន្រ្តីនគរបាលដែលអញ្ជើញមកពី ខេត្តព្រៃវែង និងកំពង់ធំ សរុប៨៩នាក់ ស្រី៤៩នាក់។

យោងតាមប្រសាសន៍ លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ការបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអ្នកអនុវត្តការងារ ថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង ក្នុងការសង្កេត សាកសួរ ប្រមូលព័ត៌មាន ស្វែងរកភាពរងគ្រោះរបស់បុគ្គលណាម្នាក់ដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស ឲ្យអាចសន្និដ្ឋានឈាន ទៅធ្វើការសន្មត់ជាបណ្តោះអាសន្នថា «ជា ជនរងគ្រោះ» ដើម្បីផ្តល់កិច្ចការពារ ការគាំពារ និងសេវាសមស្របជួយ ជនរងគ្រោះបានទាន់ពេលវេលា ប្រកបដោយមនុស្សធម៌ មិនរើសអើង ដោយមិនទាន់គិតអំពីការសង្កេត ស្រាវជ្រាវផ្សេងទៀត តាមនីតិវិធីតុលាការដែលចាំបាច់ ។ លោកជំទាវបានបន្ថែមថា មន្ត្រីថ្នាក់មូលដ្ឋាន ដែលស្ថិតក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានរចនាសម្ព័ន្ធច្បាស់លាស់ណាស់ ប៉ុន្តែបែរជាបណ្តែតបណ្តោយឲ្យមានឧក្រិដ្ឋជន ធ្វើសកម្មភាពបានទៅវិញ។ ប្រការនេះហើយ ដែលលោកជំទាវមិនចង់ឃើញឈ្មោះមន្ត្រី មានតែនៅក្នុងរចនាសម្ព័ន្ធលើក្រដាស ហើយគ្មានសកម្មភាពជាក់ស្តែង ៕


   

Official Telegram NCCT Cambodia