Published on 10 Jul, 2023
កិច្ចប្រជុំពិភាក្សាបន្តអំពីការត្រៀមរៀបចំទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ៖ ថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤ៈ២០ នាទី រសៀល នៅសាលអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានបើកកិច្ចប្រជុំពិភាក្សាបន្តអំពីការត្រៀមរៀបចំទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានការនិមន្តនិងអញ្ជើញចូលរួម លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ លោក នូ ម៉ុនសារិទ្ធ នាយករងការីតាសកម្ពុជា តំណាងព្រះសង្ឃទាំងពីរគណៈ តំណាងឥស្លាមសាសនា តំណាងព្រះសហគមន៍កាតូលិក តំណាងប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ និងក្រុមការងារបច្ចេកទេស គ.ជ.ប.ជ សរុប ២០ អង្គ/នាក់ ស្រី ០៤ រូប ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានលើកឡើងថា កាលពីកំលុងខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សជារៀងរាល់ឆ្នាំ ។ ទិវាជាតិដ៏មានសារៈសំខាន់នេះរៀបចំឡើងគោលបំណងរួមគ្នាផ្សព្វផ្សាយខ្លឹមសារទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈសាសនានីមួយៗ។ សាសនានីមួយៗយកខ្លឹមសារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សទៅអប់រំមនុស្ស។ ទិវាជាតិអន្តរសាសនាក្នុងឆ្នាំនេះ ថែមទាំងមានបំណងបង្ហាញអំពីសាសនាដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្សកន្លងមក ជាពិសេសការបង្ហាញអំពីសុខុដុមនីយកម្មសាសនានៅកម្ពុជា។ សាសនាទាំងអស់នៅកម្ពុជាដែលបានរួមគ្នាក្នុងន័យដោះស្រាយបញ្ហាសង្គម ជាពិសេសបញ្ហាអំពើជួញដូរមនុស្ស។
លោកជំទាវបន្តថា «យើងត្រូវការអប់រំឱ្យមនុស្សយល់បុណ្យនិងបាប ឬអ្វីដែលល្អនិងអ្វីដែលមិនល្អសម្រាប់មនុស្ស គួរធ្វើឬមិនគួរធ្វើ ពីព្រោះបើយើងនិយាយពីច្បាប់ គឺយើងត្រូវដាក់ទោស ប៉ុន្តែបើនិយាយពីសាសនា គឺបានអប់រំមនុស្សឱ្យកុំកេងប្រវ័ញ្ចគ្នា ឬក៏ជួញដូរគ្នានោះដែរ» ។ លោកជំទាវ បានពន្យល់ថា ការអប់រំតាមបែបសាសនាជួយបង្កើនការយល់ដឹងពីតម្លៃមនុស្ស ការទទួលខុសត្រូវក្នុងសង្គម ហើយកាលណាមនុស្សម្នាក់ៗមានការយល់ដឹងអំពីតម្លៃសីលធម៌ គុណធម៌ នោះពួកគេមិនអាចប្រព្រឹត្តអំពើអំក្រក់បានទេ។ ផ្ទុយពីនេះ ប្រសិនបើនៅតែមានជនជួញដូរមនុស្ស ក៏ពួកគេដឹងខ្លួនមិនគួរធ្លាក់ចូលក្នុងឧបាយកលរបស់ជនជួញដូរមនុស្សនោះដែរ។ ទន្ទឹមនឹងនេះលោកជំទាវ អំពាវនាវដល់សាសនាទាំងឡាយចូលរួមក្នុងទិវាជាតិអន្តរសាសនា ដើម្បីរួមគ្នាផ្សព្វផ្សាយខ្លឹមសារអប់រំការប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស៕