កិច្ចប្រជុំពិនិត្យពិភាក្សា បូកសរុបរបាយការណ៍១០ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៨) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 20 Nov, 2018

(ទីស្តីការក្រសួងមហាផ្ទៃ​) ៖​ព្រឹកថ្ងៃព្រហស្បតិ៍​ ៨​ កើត ខែ​កត្តិក​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៨​ ​ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ គ.ជ.ប.ជ​ មានបើកកិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ បូកសរុបរបាយការណ៍​១០ខែ​ (ចាប់ពីខែមករា​-ខែតុលា​ ឆ្នាំ​២០១៨​) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព​លោកជំទាវ​ ជូ​  ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ ជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជាប្រធាន នៃ​ គ.ជ.ប.ជ​ ។   អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះ​ មាន​ លោកជំទាវ​ ជួញ​ សុឆៃ​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ លោកជំទាវ​ ឧ.ឯ​ ប៉ុណ្ណ​ សំខាន់​ ជាអគ្គលេខាធិការ​ ឯ.ឧ​ លោកជំទាវ​ ជាអគ្គលេខាធិការរង​ ប្រធាន​ អនុប្រធាន​ ក្រុមជំនួយកិច្ចការ​ ទាំង​៦​ ប្រធាន​ អនុប្រធាន​ លេខាធិការដ្ឋាន​រដ្ឋបាល​ សរុបនៃ​ គ.ជ.ប.ជ​  ឯ.ឧ​ លោកជំទាវ​ អស់លោក​ លោកស្រីតំណាងក្រសួង​ ស្ថាប័ន​ពាក់ពន្ធ័​  អភិបាលរងរាជធានី/ខេត្តទាំង២៥​ ដែលទទួលបន្ទុកលេខាធិការដ្ឋាន​ គ.រ.ប.ជ​/​គ.ខ.ប.ជ​  ស្នងការរងរាជធានី/ខេត្តទទួលផែនប្រឆាំងអំពើជួញដូរមនុស្ស​  និងអនីតិជន​ អ្នកធ្វើរបាយការណ៍រាជធានី/ខេត្ត​ ។

រយៈពេល១០ខែ ឆ្នាំ២០១៨ ក៏ដូចជាក្នុងរយៈពេលមុនៗ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធិភាពនៃការបង្ការ ទប់ស្កាត់ និងការដាក់ទោសទណ្ឌ លើបទល្មើសជួញដូរមនុស្ស ក្នុងទម្រង់ចាស់ថ្មី និងបានធ្វើឲ្យបទល្មើសជួញដូរមនុស្ស ថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងនេះក៏ដោយ ក៏នៅតែមានពលរដ្ឋខ្មែរបាននឹងកំពុងចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ជាបន្តទៀត  និងជួបប្រទះហានីភ័យនានា ដូចជាការបញ្ជូនត្រឡប់មកវិញ ត្រូវឃាត់ខ្លួនដាក់ទោសទណ្ឌ រងការកេងប្រវ័ញ្ចខាតបង់ប្រាក់កាស និងពេលវេលាជាដើម។ យុវជនមួយចំនួន នៅតែចាញ់ឧបាយកលមេខ្យល់បោកប្រាស់ ដែលប្រើរូបភាពជាភ្នាក់ងារមានសមត្ថកិច្ចផ្តល់ឯកសារក្លែងក្លាយ ជាអ្នករត់ការផ្តល់ភាពស្របច្បាប់ ហើយទាមទារកម្រៃខ្ពស់ពីពលករ ឬជាអ្នកជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនទៅរកការងារក្រៅប្រទេសមានប្រាក់ខែច្រើន តែមិនពិតប្រាកដ។ ថ្មីៗនេះ រូបភាពនៃអំពើធ្វើអាជីវកម្មផ្លូវភេទ ក៏កើតឡើងនូវសកម្មភាពផលិត និងចែកចាយរូបភាព  អាសអាភាសយ៉ាងអាណាធិបតេយ្យ ក្នុងគោលដៅពាណិជ្ជកម្មផ្លូវភេទ នៅតាមតំបន់ទេសចរណ៍ និងតំបន់អភិវឌ្ឍន៍ថ្មីៗ ដូចជានៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងសាយភាយទៅតាមទីជនបទមួយចំនួន។ ក្នុងឆ្នាំ២០១៨ នេះដែរ អំពើជួល “ពពោះជំនួស” ដើម្បីនាំទារកចេញឆ្លងដែនដោយខុសច្បាប់ ត្រូវបានរកឃើញ និងបង្ក្រាបក្នុងទ្រង់ទ្រាយធំមួយករណីទៀត បន្ទាប់ពីបានបង្ក្រាបករណីទី១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦៕

 

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស