ដំណើរចុះសាកសួរសុខទុក្ខស្វែងយល់អំពីស្ថានភាពកម្មករ-ពលករទូកនេសាទ និងបានជួបពិភាក្សាការងារជាមួយមន្រ្តីទទួលបន្ទុកការងារ នៅក្នុងខេត្តត្រាតប្រទេសថៃ

BY SOM SIVWIN

Published on 06 Oct, 2018

(ខេត្តត្រាត-ថៃឡង់)៖ កាលពីថ្ងៃអាទិត្យ១៤កើត ខែភទ្របទ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រួមនឹងក្រុមការងារជាមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារសម្របសម្រួលកិច្ចការព្រំដែន កម្ពុជា-ថៃ បានអញ្ជើញចុះសាកសួរសុខទុក្ខស្វែងយល់អំពីស្ថានភាពកម្មករ-ពលករទូកនេសាទ និងបានជួបពិភាក្សាការងារជាមួយមន្រ្តីទទួលបន្ទុកការងារ នៅក្នុងខេត្តត្រាត ប្រទេសថៃ ។

ថ្លែងនៅក្នុងជំនួបពិភាក្សានោះលោកជំទាវ បានសំណូមពរឲភាគីថៃជួយសម្របសម្រួលដល់ពលករខ្មែរ និងសូមឲភាគីថៃផ្តល់ព័ត៌មានមកភាគីកម្ពុជាជាបន្ទាន់ដើម្បីភាគីទាំងទ្វេរធ្វើការដោះស្រាយគ្នា។ ហើយចំពោះពលករដែលប្រកបរបរនេសាទនៅខេត្តត្រាត ចំនួនជិតមួយម៉ឺននាក់ គឺភាគច្រើនមានឯកសារស្របច្បាប់ត្រឹមត្រូវ មានតែមួយចំនួនតូចប៉ុណ្ណោះដែលគ្មានឯកសារស្របច្បាប់។ ប្រតិភូដែលដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ ក៏បានបន្តជួបសំណេះសំណាល ជាមួយនឹងកម្មករដែលធ្វើការនៅកសិដ្ឋានហាលត្រី ពួកគាត់បានរៀបរាប់អំពីស្ថានភាពរស់នៅ និងធ្វើការនៅទីនោះជូនប្រតិភូ អំពីការយកចិត្តទុកដាក់ពីសំណាក់ថៅកែជនជាតិថៃ និងពីបញ្ហាប្រឈមមួយចំនួនដូចជាការរៀនសូត្ររបស់កូនៗគាត់ ។ នៅក្នុងដំណើរបេសកកម្មសួរសុខទុក្ខ និងសិក្សាស្វែងយល់ពីបញ្ហាភាពស្របច្បាប់របស់ពលករកម្ពុជានេះផងដែរ លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនិងប្រតិភូរួមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល ការពារតាមច្រកថ្មដាព្រំដែន កម្ពុជា-ថៃ និងច្រក៤០០ សំឡូត ៕

 

 

 

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស