វេទិកាអន្តរសាសនាថ្នាក់ ជាតិលើកទី២ នៅកម្ពុជាពិធីសូត្រធម៌អធិដ្ឋាន និងបញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប

BY SOM SIVWIN

Published on 30 Aug, 2018

(រាជធានីភ្នំពេញ)៖​ នារសៀលថ្ងៃព្រហស្បត្តិ៍ ៤រោច​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹង​ថ្ងៃទី​៣០​ ខែ​ សីហា​ ឆ្នាំ​២០១៨​ គ.ជ.ប.ជ​ បានសហការជាមួយ​អង្គការការីតាស​ប្រចាំកម្ពុជា​បាន​រៀបចំធ្វើ​វេទិកាអន្តរសាសនាថ្នាក់ជាតិលើកទី២​ នៅកម្ពុជាពិធីសូត្រធម៌អធិដ្ឋាន និងបញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើបបានធ្វើឡើងនៅមជ្ឈមណ្ឌល និងពិព័ណកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជាប្រធាន គ.ជ.ប.ជ  ឯកឧត្តម ​ ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នពាក់ព័ន្ធ ក្រៅពីផ្នែកសាសនា ក៏មានអង្គការដៃគូអង្គការការីតាសកម្ពុជា​បានគៀងគរអង្គការដៃគូដទៃទៀត ដែលមានឆន្ទៈធ្វើឲ្យមានព្រឹត្តិការណ៍នេះធ្វើឡើង ដោយមានការចូលរួមពីសាសនិកនៃសាសនា៤ធំៗ គឺព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្ទសាសនា កាតូលិក និងគ្រិស្ទបរិស័ទដំណឹងល្អ ប្អូនៗយុវជន ស.ស.យ.ក សិស្សកាយរិទ្ធ កាកបាទក្រហម សរុបប្រមាណ​ ១៦០០​អង្គ-នាក់ ។

សាសនិក នៃសាសនាទាំង៤បានឯកភាពគ្នារៀបចំជាវេទិកាអន្តរសាសនា រួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំព្រះពុទ្ធសាសនា គ្រិស្ទសាសនា កាតូលិក គ្រិស្ទបរិស័ទដំណឹងល្អ និងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សភាពសហព័ន្ធយុវជនកម្ពុជា​ ស.ស.យ.ក​ យុវជន-យុវនារី ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលជាអំពើឃោរឃៅ និងជាអំពើបាបដ៏ធ្ងន់ធ្ងរដែលជនល្មើសបានប្រព្រឹត្តទៅ លើជនរងគ្រោះជាមនុស្ស គ្រប់វ័យតាំងពីទារក កុមារ យុវវ័យ មនុស្សពេញវ័យ មនុស្សចាស់ គ្រប់ភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបាត់បង់ សិទ្ធិជាមនុស្ស បាត់បង់សេចក្តីសុខក្នុងគ្រួសារ ខូចខាតសុខភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់អាយុជីវិតរបស់មនុស្សរៀងរាល់ថ្ងៃរាប់លាននាក់ នៅលើពិភពលោក។ បន្ទាប់ពីមានការប្ដេជ្ញាចិត្ត រួចមកអ្នកដឹកនាំសាសនាធំៗ នឹងត្រឡប់ទៅផ្សព្វផ្សាយបន្តទៅដល់សាសនិករបស់ខ្លួនឲ្យបានយល់ដឹងអំពីអំពើជួញដូរមនុស្ស ទូន្មានឲ្យមានសីលធម៌ល្អ និងប្រព្រឹត្តតែអំពើល្អ។ សារឲ្យជនល្មើសបានដឹងដែរថា នៅកម្ពុជាមិនទទួលយកនូវការប្រព្រឹត្តបទល្មើសជួញដូរមនុស្សទេ និងមិនមាន​ឲ្យជនល្មើសជួញដូរមនុស្ស ឬមួយចាត់ទុកមនុស្សជាទាសករសម័យទំនើបឡើយ​ ៕

 

 

 

]

 

 

 

 

 

 

 

 

 

 


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស