កិច្ចប្រជុំពិភពលោកឆ្នាំ២០១៩ ស្តីពី "សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស "

BY SOM SIVWIN

Published on 10 Feb, 2019

(ទីក្រុង​សេអ៊ូល)​ ៖ ថ្ងៃព្រហស្បហិ៍ ៣កើត ខែមាឃ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​០៧​ ខែ​កុម្ភ:​ ឆ្នាំ​២០១៩​ លោកជំទាវ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​  និង​ជាអនុប្រធានអចិន្ត្រៃយ៍​គ.ជ.ប.ជ​ ត្រូវបានអញ្ជើញចូលរួមជាគណៈប្រតិភូរបស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភពលោកឆ្នាំ​២០១៩​ ស្តីពី "សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស "នាទីក្រុងសេអ៊ូល សាធារណ:រដ្ឋកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី​១១​ ខែកុម្ភ: ឆ្នាំ​២០១៩។​ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពី​ ប្រមុខរដ្ឋ​ និង​អតីតប្រ​មុខរដ្ឋ​ សមាជិកសភា​ សមាជិកព្រឹទ្ធសភា​ មេដឹកនាំស្ត្រី​ និង​ មេដឹកនាំសង្គមស៊ីវិល​ ។ កិច្ចប្រជុំនេះរៀបចំដោយសហព័ន្ធសន្តិភាពសកល​ (UPF) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមានតួនាទីផ្តល់យោបល់ពិសេសដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច​ និង​សង្គម​ ដល់អង្គការសហប្រជាជាតិ​ ឆ្នាំ​ ២០១៩​ ។

នៅក្នុងដំណើរបេសកកម្មនោះផងដែរ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រួមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណៈរដ្ឋកូរ៉េខាងត្បូង បានបំពេញទស្សនកិច្ច ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពពលករខ្មែរកំពុងស្នាក់នៅ បំពេញការសិក្សា និងការងារនៅសាធារណៈរដ្ឋកូរ៉េខាងត្បូង ក្នុងឱកាស ពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ។ថ្លែងក្នុងជំនួបនោះផងដែរ លោកជំទាវ បានសម្តែងនូវអំណរគុណ និងកោតសរសើរ ចំពោះកិច្ចសហការល្អ របស់ស្ថានទូតកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងរៀបចំផ្តល់ជូនការពិនិត្យសុខភាពឥតគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណៈរដ្ឋកូរ៉េ  ជារៀងរាល់ខែហើយការផ្តល់ជូននេះ មិនសម្រាប់សាសន៍ដទៃទេ ៕

 

 


   

Official Telegram NCCT Cambodia