Published on 01 Aug, 2018
(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖ ថ្ងៃពុធ ៥រោចខែ ទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ៣០នាទី ព្រឹក គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និង គោរពវិញ្ញាណក្ខ័ន្ធ ដល់ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.ប.ជ ។ អញ្ចើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្តម លោកជំទាវ ជាអគ្គលេខារង ប្រធាន អនុប្រធានក្រុមជំនួយកិច្ចការ ប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល។
តាងនាមអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ កាលពីថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០:៣៩ នាទី។ ការបាត់បង់រូប ឯកឧត្តមប្រៀបដូចជាបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើម ដែលមួយជីវិតរបស់ឯកឧត្តម បានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកកសាងជាតិមាតុភូមិ ពិសេសឯកឧត្តមបានគាំទ្រយ៉ាងសកម្មនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ជាប្រមុខដឹកនាំរហូតអវសានជីវិត។