ពិធី​ ចុះអនុស្សារណ:នៃការយោគយល់គ្នា​រវាង​ គ.ជ.ប.ជ និង​ សមាគមមូលនិធិ​ ឈាន​ ឆាយ ដើម្បីមនុស្សធម៌​ ស្តីពី​ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ

BY HAKLIENG

Published on 14 Feb, 2018

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ចុះ​អនុស្សរណៈ​ជាមួយ​មូលនិធិ​ ឈាន​ ឆាយ​ សហការ​គ្នា​ជួយ​ពលករ​ចំណាក់ស្រុក​

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ បាន​ធ្វើការ​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​មូលនិធិ​ ឈាន​ ឆាយ​ ដើម្បី​មនុស្សធម៌​ ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ ជា​ពិសេស​ក្នុង​ចំណោម​ពលករ​ទេសន្តរប្រវេសន៍​នៅ​ប្រទេស​ថៃ​ ហើយ​ការ​ចុះ​អនុស្សរណៈ​នេះ​ ក៏​ដើម្បី​សហការ​គ្នា​ជួយ​ដល់​ពលករ​ ខណៈ​ពួក​គេ​មាន​បញ្ហា​អ្វី​កើតឡើង​ជាដើម​នោះ​ ។​

​ថ្លែងប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចុះ​អនុស្សរណៈ​នោះ​ លោក​ជំទាវ​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​អនុស្សរណៈ​ជាមួយ​មូលនិធិ​ ឈាន​ ឆាយ​ នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដើម្បី​សហការ​គ្នា​ជួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ ពេល​ដែល​ពួក​គេ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​។​

​លោក​ជំទាវ​រដ្ឋលេខាធិការ​ បាន​លើក​ឡើង​ទៀត​ថា​ សមាគម​មូលនិធិ​ ឈាន​ ឆាយ​ នេះ​គឺ​មាន​ស្នាក់​ការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ជាប់​និង​ជាយ​ដែនកម្ពុជា​-​ថៃ​ ហើយ​មូលនិធិ​នេះ​ គឺ​មាន​បណ្តាញ​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​ ដូច្នេះ​ពេល​ដែល​ពលករ​ខ្មែរ​យើង​មាន​បញ្ហា​អ្វី​កើតឡើង​ គឺ​សមាគម​ន​ ឈាន​ ឆាយ​ នេះ​បានដឹង​ ហើយ​គេ​នឹង​រាយការណ៍​បន្ត​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ហើយ​ក្រុមការងារ​យើង​នឹង​ចុះ​ដើម្បី​ជួយ​ និង​អន្តរាគមន៍​ដល់​បងប្អូន​ពលករ​ទាំងនោះ​តែ​ម្តង​។​

​បើ​តាម​លោក​ជំទាវ​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ នា​ពេល​ខាង​មុខ​នេះ​ រាជរដ្ឋាភិបាល​ដែល​មាន​ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​នឹង​ធ្វើ​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ នឹង​ច្រក​ក្រុង​ប៉ោយ​ប៉ែ​ត​ ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ ហើយ​ស្រប​ពេល​ដែល​គេ​បញ្ជូន​មក​វិញ​នោះ​ ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នឹង​ធ្វើការ​សាកសួរ​ដល់​ពួក​គេ​អំពី​មូលហេតុ​ដែល​កើតឡើង​ចំពោះ​ពួក​គេ​ផង​ដែរ​ ៕


  

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស