ពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

BY HAKLIENG

Published on 23 Apr, 2019

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃ អង្គារ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ។
សម្តេចក្រទ្បាហោម ស ខេង បានថ្លែងថាត្រូវស្វែងរកមេក្លោងទាំងអស់នៅក្នុងប្រទេស និង ក្រៅប្រទសឱ្យបានដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ ក្នុងគោលបំណងបង្ហាញមតិទៅសហគមន៍អន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមាន ឆន្ទៈក្នុងការបង្ក្រាបការជួញដូរមនុស្ស ។ នៅខេត្តបាត់ដំបង និង បន្ទាយមានជ័យ ត្រូវរឹតបន្តឹងច្រករបៀងដែលជនល្មេីសភាគច្រេីននាំពលករចេញទៅក្រៅខុសច្បាប់។ ត្រូវលេីកទឹកចិត្តពលរដ្ឋ ដែលធ្វេីចំណាកស្រុកចេញចូលតាមច្រកអន្តរជាតិ។ ត្រូវសិក្សាស្រាវជ្រាវមូលហេតុដែលពលករធ្វេីចំណាកស្រុកខុសច្បាប់ ហើយពេលបញ្ជូនមកវិញពិការ ឬ មានបញ្ហាផ្សេងៗ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរកឃើញបទល្មេីសថ្មី និងបានបង្ក្រាបករណីជួលពោះជំនួសដើម្បីនាំទារកឆ្លងដែនបានចំនួន២លេីក ដោយលេីកទី១ចាប់ខ្លួនជនសង្ស័យ៥នាក់ មានស្ត្រីពពោះជំនួស ៣២នាក់ និង លេីកទី២ ចាប់ជនសង្ស័យបាន ៣នាក់ ស្ត្រីពពោះជំនួស ១១នាក់ ។

យោងតាមរបាយការណ៍ របស់ គ.ជ.ប.ជ បានបង្ហាញថា ការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះនៅឆ្នាំ២០១៨ កន្លងទៅក្រុមការងារអនុវត្តច្បាប់ បានបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៤/១៥៩ ករណីបើប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះ ចំនួន២៥ករណី ស្មើនឹង១៥,៧២% ។

សរុបជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូង ចំនួន២២៤/២០៣នាក់ ធៀបនឹងឆ្នាំ២០១៧កើនឡើងចំនួន២១នាក់ (ស្រី៩៨នាក់) ក្នុងនោះជនសង្ស័យជាអនីតិជន ១៧នាក់ និងជនបរទេស ចំនួន៣១/២០នាក់ មាន៩នាក់ ជនជាតិចិន ១៥នាក់ ជនជាតិអង់គ្លេស ៦នាក់ ជនជាតិវៀតណាម ៣នាក់ ជនជាតិកាណាដា ០២នាក់ ជនជាតិអូស្ត្រាលី ០១នាក់ ជនជាតិន័រវេស ០១នាក់​ ជនជាតិហូល្លង់ ០១នាក់ នូវែលហ្សេឡង់ ០១នាក់ និង ជនជាតិហ្វីលីពីន ០១នាក់ ។
ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សរុបចំនួន ២៣០/៣៤៥ នាក់ (ធៀបនឹងឆ្នាំ២០១៧ ថយចុះចំនួន ១១៥នាក់ ) ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៩២នាក់ អាយុពី១៥ ឆ្នាំ-១៧ឆ្នាំ ចំនួន២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥នាក់ (បានបញ្ជូនទៅមន្ទីរសង្គមកិច្ច ៩២នាក់ ទៅអង្គការដៃគូ ០២នាក់ និងបញ្ជូនទៅគ្រួសារចំនួន១៦នាក់) ។

ករណីអំពើជួញដូរមនុស្ស៖ បង្ក្រាបបាន៣៩/៤៨ករណី (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះចំនួន ៩ករណី ) ឃាត់ខ្លួនជនសង្ស័យចំនួន១០៥នាក់ (ស្រី៧៨នាក់) ក្នុងនោះមានអនីតិជន ចំនួន ០១នាក់ និងជនបរទេស ០៥នាក់ ជាជនជាតិចិន ។ សង្គ្រោះជនរងគ្រោះ ចំនួន៦៤នាក់ អាយុក្រោម១៥ឆ្នាំ ៩នាក់ អាយុពី ១៥-១៧ឆ្នាំ ១០នាក់និង អាយុ១៨ឆ្នាំឡើង ៤៥ នាក់ (ប្រគល់ ឲ្យមន្ទីរសង្គមកិច្ច ចំនួន២០នាក់ អង្គការដៃគូចំនួន០២នាក់ និងទៅគ្រួសារ ចំនួន៤២នាក់)។

 

 


   

Official Telegram NCCT Cambodia